កូរ៉េខាងត្បូង៖ វិធានការគម្លាតសង្គមដែលមានអនុវត្តបច្ចុប្បន្នក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវពន្យារបន្តសម្រាប់អនុវត្តរយៈពេល ៣សប្តាហ៍បន្ថែមទៀតទូទាំងប្រទេសកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News អជ្ញាធរសុខាភិបាលសម្រេចបន្តអនុវត្តវិធានការគម្លាតសង្គមបច្ចុប្បន្ននេះ រយៈពេល៣សប្តាហ៍បន្តទៀត ដែលនឹងចាប់ពីថ្ងៃចន្ទទី១៤ មិថុនា ដល់ថ្ងៃទី៤ កក្កដា។ សម្រាប់វិធានការគម្លាតសង្គមដែលកំពុងអនុវត្តបច្ចុប្បន្ន ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ រួមជាមួយក្រុងដេហ្គូ និងកោះជេជូ ស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ ខណៈទីតាំងនានាដទៃទៀតទូទាំងប្រទេសស្ថិតនៅកម្រិត ១.៥ ដដែល។
ក្នុងនោះដែរ វិធានការហាមជួបជុំគ្នាលើសពី ៥នាក់ទៅ ក៏នៅបន្តអនុវត្តផងដែរ តែសម្រាប់រាល់ភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងកម្សាន្តនានានៅក្នុងប្រជុំជនក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់វិញ នឹងអាចដំណើរបានអាជីវកម្មខ្លួនបានបន្ថែមបាន២ម៉ោងទៀត គឺដល់ម៉ោង១២យប់ ចាប់ផ្តើមអនុវត្តពីខែកក្កដាក្រោយនេះទៅ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ។
ក្នុងនោះដែរ ទីតាំងអាជីវកម្មមួយចំនួនដូចជា កន្លែងហាត់ប្រាណ និងកន្លែងស្ប៉ា (Spa) ជាដើមនឹងត្រូវលើកលែងវិធានការរឹតបន្តឹងទាំងស្រុងផងដែរ។
សូមបញ្ជាក់ថា វិធានការគម្លាតសង្គមបច្ចុប្បន្ននេះ ត្រូវបានដាក់អនុវត្តរយៈពេលជាង៤ខែមកហើយ ក្នុនោះដែរ អជ្ញាធរសុខាភិបាលគ្រោងនឹងដាក់ចេញនូវគោលការណ៍វិធានការគម្លាតសង្គមបែបថ្មី ដែលអាចនឹងចាប់ផ្តើមអនុវត្តពីខែក្រោយនេះ ឱ្យស្របទៅនឹងដំណើរការចាក់វ៉ាក់សាំងក្នុងប្រទេសកូរ៉េខាងត្បូង។
គិតត្រឹមថ្ងៃសុក្រនេះ ករណីឆ្លងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងមានដល់ ១៤៦,៨៥៩ ករណីហើយ ដែលមាន ៥៥៦ករណីបន្ថែមសម្រាប់ថ្ងៃសុក្រនះ ហើយចំណែកឯអត្រានៃការចាក់វ៉ាក់សាំងក៏បានកំពុងដំណើរការឆាប់រហ័ស ដែលអាចនឹងឈានដល់សម្រេចបានគោលដៅចាក់វ៉ាក់សាំងតាមផែនការរបស់អជ្ញាធរ ឱ្យបានដល់ ១៤លាននាក់ត្រឹមចុងខែមិថុនា និង៣៦លាននាក់ ត្រឹមចុងខែកញ្ញាផងដែរ។