ចាប់ពីខែកក្កដាទៅ ហាងនានានៅសេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ នឹងអាចពន្យារម៉ោងអាជីវកម្មរហូតដល់១២យប់ ក្រោយស្ថានការណ៍កូវីដហាក់ធូរស្រាល

កូរ៉េខាងត្បូង៖ រាល់ភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងកម្សាន្តនានានៅក្នុងប្រជុំជនក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ នឹងអាចដំណើរបានអាជីវកម្មខ្លួនបានបន្ថែមដល់ម៉ោង១២យប់ ចាប់ផ្តើមអនុវត្តពីខែកក្កដាក្រោយនេះទៅ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ចាប់ពីខែកក្កដាក្រោយនេះទៅ រាល់ភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងកម្សាន្តនានា រួមទាំងអាជីវកម្មនានាដទៃទៀត អាចបើកដំណើរការបន្ថែមបាន២ម៉ោងទៀត លើសពីម៉ោងដែលបានកំណត់ឱ្យបិទអាជីវកម្មបច្ចុប្បន្ន។ មានន័យថា រាល់ហាងរកស៊ីទាំងអស់នឹងអាចដំណើរការបាន ទទួលភ្ញៀវដល់ម៉ោង១២យប់។

ក្នុងនោះដែរ ទីតាំងអាជីវកម្មមួយចំនួនដូចជា កន្លែងហាត់ប្រាណ និងកន្លែងស្ប៉ា (Spa) ជាដើមនឹងត្រូវលើកលែងវិធានការរឹតបន្តឹងទាំងស្រុងផងដែរ។

ការលើកលែង និងបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ គឺដោយសារតែអជ្ញាធរសុខាភិបាលបានកំពុងរៀបចំធ្វើនូវគោលការណ៍គម្លាតសង្គមថ្មី ដែលអាចគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តពីខែក្រោយនេះទៅ ខណៈពេលដែលកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេស ហាក់កំពុងដំណើរការបានរលូនឥឡូវនេះ។

សម្រាប់វិធានការគម្លាតសង្គមបច្ចុប្បន្ន ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ រួមជាមួយក្រុងដេហ្គូ និងកោះជេជូ ស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ ខណៈទីតាំងនានាដទៃទៀតទូទាំងប្រទេសស្ថិតនៅកម្រិត ១.៥ ដដែល។
ក្នុងនោះដែរ បើទោះជាក្រសួងមិនបានបញ្ជាក់អំពីការផ្លាស់ប្តូរវិធានការរឹតបន្តឹងហាមមិនឱ្យជួបជុំគ្នាលើសពី៥នាក់ក៏ដោយ តែថ្មីៗនេះក្រសួងក៏បានផ្តល់ជាតម្រុយថានឹងអាចបន្ថយវិធានការរឹតបន្តឹងនេះ ឱ្យបានដល់ត្រឹម៨នាក់វិញផងដែរ តែព័ត៌មានបន្ថែមនឹងអាចផ្តល់ជូននាពេលឆាប់ៗ។

គិតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងមានអ្នកចាក់វ៉ាក់សាំងកូវីដបានដល់ ១០.៥៤លាននាក់ហើយ ដែលក្នុងនោះ ៥% នៃប្រជាជនសរុបបានចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *