កូរ៉េខាងត្បូ​ងចាប់ផ្តើមចាក់វ៉ាកសំាងកូវីដ Janssen ជូនមន្ត្រីការពារជាតិនៅថ្ងៃនេះ ដោយមានអ្នកមកតម្រង់ជួរចាំចាក់វ៉ាក់សាំងយ៉ាងច្រើន

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដរបស់អាម៉េរិក Janssen ត្រូវបានចាប់ផ្តើមចាក់ជូនអ្នកអាទិភាពក្នុងវិស័យការពារជាតិក្នុងប្រទេសកូរ៉េខាងត្បូងហើយ ដោយមានអ្នកទៅតម្រង់ជួរចាំទទួលវ៉ាក់សាំងច្រើនកកកុញនៅថ្ងៃទី១នេះ បើតាមការបញ្ជាក់របស់សារព័ត៌មាន Yonhap News។

វ៉ាក់សាំងកូវីដអាម៉េរិក Janssen នេះ ត្រូវបានដឹកមកដល់ប្រទេសកូរ៉េខាងត្បូងចំនួន១លានដូស ក្រោមកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កាលពីអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតី មូន ជេអ៊ីនទៅសហរដ្ឋអាម៉េរិក កាលពីចុងខែឧសភាកន្លងទៅ។

វ៉ាកសាំងដែលទទួលបានពីអាម៉េរិក១លានដូសនេះ នឹងត្រូវផ្តល់អាទិភាពជូនដល់មន្ត្រីការពារជាតិ និងកងទ័ពបម្រុងកូរ៉េខាងត្បូងអាយុពី ៣០ ទៅ៦០ឆ្នាំ ចំនួនជាង ៨៩៤,០០០នាក់ឯណោះ។ ដូចនេះ សម្រាប់អ្នកដែលទទួលបានអាទិភាពខាងលើនេះ ត្រូវតម្រូវឱ្យធ្វើការចុះឈ្មោះទុកមុនដើម្បីទទួលយកវ៉ាក់សាំង ហើយត្រឹម១៨ម៉ោងជាងប៉ុណ្ណោះ មានអ្នកចុះឈ្មោះទទួលយកវ៉ាក់សាំងកូវីដរបស់ Janssen នេះពេញទាំងអស់តែម្តង។

បើទោះបីកន្លងមក មានការបារម្ភពីសុវត្ថិភាពរបស់វ៉ាក់សាំង Janssen នេះចំពោះករណីកកដុំឈាម ដែលបានកើតមានឡើងក្នុងករណីមួយចំនួនតូចដែលបានទទួលវ៉ាក់សាំងនេះរួចនៅប្រទេសក្រៅនោះក៏ដោយ គេសង្កេតឃើញថាប្រជាជនកូរ៉េខាងត្បូង ជាពិសេសអ្នកដែលត្រូវបានផ្តល់អាទិភាពសម្រាប់ចាក់វ៉ាក់សាំង មានទស្សនៈវិជ្ជមានក្នុងការទទួលយកវ៉ាក់សាំងនេះ ដោយភាគច្រើនរំពឹងថាប្រសិនបើកម្មវិធីចាក់វ៉ាក់សាំងអាចពន្លឿនបានកាន់តែលឿន និងជោគជ័យ នោះការវិលត្រឡប់មករកជីវិតបែបប្រក្រតីដូចទៅនឹងមុនពេលមានជំងឺរាតត្បាតនេះ អាចនឹងត្រឡប់មកវិញបានឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ Janssen នេះជាវ៉ាក់សាំងកូវីដដែលតម្រូវចាក់តែមួយដូសប៉ុណ្ណោះ ហើយជាវ៉ាក់សាំងទី៤ ហើយដែលបានដឹកមកដល់ប្រទេសកូរ៉េខាងត្បូង ដែលកន្លងមកវ៉ាក់សាំងកូវីដ៣ប្រភេទទៀត មានវ៉ាក់សាំង AstraZeneca វ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna បានដឹកមកដល់មុន ហើយបានកំពុងដំណើរការចាក់ជូនប្រជាជនកូរ៉េទៅតាមការកំណត់អាទិភាពដោយអជ្ញាធរសុខាភិបាលផងដែរ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះមានដល់សម្រាប់ចាក់ជូនមនុស្សបានចំនួន ៩៩លាននាក់ឯណោះ បើទោះប្រទេសខ្លួនមានប្រជាជនត្រឹមតែ ៥២លាននាក់ជាង។ យ៉ាងណាមិញ កន្លងមកប៉ុន្មានខែមុននេះ កូរ៉េខាងត្បូងជួបប្រទះនឹងបញ្ហាទទួលវ៉ាក់សាំងកូវីដតាមការបញ្ជាទិញយឺតយ៉ាវ ដែលនាំឱ្យដំណើរការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវតាមផងដែរ។ ក្នុងនោះដែរ ថ្មីៗនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានលើកឡើងថា ត្រឹមចុងខែមិថុនានេះ យ៉ាងហោចណាស់ កូរ៉េខាងត្បូងនឹងអាចសម្រេចចាក់វ៉ាក់សាំងជូនប្រជាជនបានដល់ ១៤លាននាក់។

Leave a Reply

Your email address will not be published. Required fields are marked *