អជ្ញាធរកូរ៉េខាងត្បូងឈឺក្បាល ករណីសិស្សកូរ៉េជាច្រើន បន្លំនាំគ្នាដាក់ពាក្យប្រឡងថ្នាក់ជាតិចូលសាកលវិទ្យាល័យ ដើម្បីចង់បានចាក់វ៉ាក់សាំង Pfizer មុនគេ

កូរ៉េខាងត្បូង៖ មានការលើកឡើងជាច្រើនថាបេក្ខភាពសិស្សប្រឡងចូលមហាវិទ្យាល័យរដ្ឋនៅក្នុងប្រទេសកូរ៉េខាងត្បូងឆ្នាំនេះ មានមួយចំនួនចុះឈ្មោះប្រឡងមិនមែនដោយសារមានបំណងចង់បានចូលរៀនតាមសាកលវិទ្យាល័យរដ្ឋដូចរាល់ឆ្នាំនោះទេ តែគឺមានបំណងចង់ទទួលបានការចាក់វ៉ាក់សាំងអាទិភាពមុនគេ ដែលនេះក្លាយជាបញ្ហាឈឺក្បាលថ្មីសម្រាប់ក្រសួងជំនាញកូរ៉េ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បញ្ហានេះត្រូវបានក្លាយជាចំណុចពិភាក្សាថ្មីសម្រាប់ក្រសួងជំនាញក្នុងការដោះស្រាយ។ ក្រោមផែនការរបស់ក្រសួងជំនាញដែលមានទាំងក្រសួងអប់រំ និងក្រសួងសុខាភិបាលផងនោះ បានដាក់ជាវិធានការផ្តល់វ៉ាក់សាំងកូវីដ សម្រាប់រាល់បេក្ខភាពសិស្សដែលត្រូវប្រឡងថ្នាក់ជាតិចូលរៀននៅសាកលវិទ្យាល័យរដ្ឋ (college scholastic ability test – CSAT) នៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនោះ។ បេក្ខភាពដែលត្រូវប្រឡងទាំងអស់ បើតាមការគ្រោងទុកអាចនឹងទទួលបានអាទិភាពចាក់វ៉ាក់សាំងកូវីដ ក្នុងវិស្សមកាលរដូវក្តៅខាងមុខ ចន្លោះពីខែកក្កដា ដល់ខែសីហា ដើម្បីអាចបង្ការមិនឱ្យបេក្ខភាពទាំងអស់ប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដ ចេញពីទីតាំងនៃការប្រឡងថ្នាក់ជាតិ ដែលនឹងមានសិស្សដល់រាប់ម៉ឺននាក់នោះទេ។

បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល បេក្ខជនប្រឡងទាំងអស់ ដោយសារមានអាយុក្រោម៣០ឆ្នាំ នឹងត្រូវចាក់វ៉ាក់សាំងកូវីដ Pfizer ហើយប្រសិនបើពួកគេបានចាក់ដូសទី១ អំឡុងខែកក្កដា ឬសីហាខាងមុខ បេក្ខភាពទាំងអស់នឹងអាចបណ្តុះនូវប្រព័ន្ធភាពស៊ាំការពារមេរោគបានមុនពេលប្រឡងចូលមកដល់។ សូមបញ្ជាក់ថា បើគិតតាមគោលការណ៍អាទិភាព ក្រុមអាយុ ២០ឆ្នាំជាងនេះ គឺស្ថិតនៅអាទិភាពសឹងតែក្រោយគេបង្អស់ទំរាំបានទទួលវ៉ាក់សាំងកូវីដ។

សម្រាប់ការដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនបេក្ខភាពទាំងអស់នេះហើយ ដែលនាំឱ្យមានបញ្ហាដោយសារអជ្ញាធរ និងក្រសួងជំនាញនឹងមិនអាចកំណត់បាននោះឡើយថាបេក្ខភាពមួយណាដែលមានបំណងមកប្រឡងពិតប្រាកដ ហើយបេក្ខភាពរូបណាទៀតដែលគ្រាន់តែចុះឈ្មោះប្រឡង ដើម្បីបានចាក់វ៉ាក់សាំងនោះ។  អ្វីដែលអជ្ញាធរអាចធ្វើបាន បើតាមការបញ្ជាក់របស់ក្រសួងអប់រំ ទំនងមានតែការលើកទឹកចិត្តសម្រាប់តែអ្នកដែលចង់មកប្រឡងពិតប្រាកដប៉ុណ្ណោះចាំដាក់ពាក្យ ហើយក្រសួងក៏មិនអាចចាប់បង្ខំឱ្យរាល់បេក្ខភាពដែលបានចុះឈ្មោះទាំងអស់ និងបានទទួលវ៉ាក់សាំងរួចរាល់ទាំងអស់ ត្រូវតែមកបង្ហាញមុខប្រឡងនោះដែរ ដោយសារនេះជាសិទ្ធសេរីភាពរបស់បេក្ខភាពនីមួយខ្លួនឯង។

តែយ៉ាងណាមិញ នៅតាមប្រព័ន្ធអនឡាញ សិស្សមួយចំនួនបានបញ្ចេញមតិថាចង់ចូលប្រឡងនេះដែរ ដើម្បីងាយស្រួលបានចាក់វ៉ាក់សាំងកូវីដរបស់ Pfizer ដោយសារចាយលុយលើពាក្យប្រឡងអស់ត្រឹមតែ 37,000 វ៉ុន និង 12,000 វ៉ុនទៀតលើពាក្យប្រឡងសាកល្បងមុន ដូចនេះសរុបទៅអស់ត្រឹមតែ ៥ម៉ឺនវ៉ុន បានចាក់វ៉ាក់សាំងកូវីដមុនគេ។

កាលពីខែកន្លងទៅ ក្រសួងអប់រំបានស្នើទៅក្រសួងសុខាភិបាលកូរ៉េខាងត្បូងឱ្យផ្តល់វ៉ាក់សាំងសម្រាប់សិស្សសាកលវិទ្យាល័យ និងសាស្រ្តាចារ្យ ព្រមទាំងបុគ្គលិកសាកលវិទ្យាល័យ ដើម្បីអាចចូលរៀនផ្ទាល់វិញបានពីពាក់កណ្តាលឆ្នាំនេះទៅ តែមកដល់ពេលនេះ មិនទាន់មានការចាត់ចែងណាមួយពីក្រសួងសុខាភិបាលនោះឡើយ ដោយអជ្ញាធរសុខាភិបាលបញ្ជាក់ថាបញ្ហានេះកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *