ហានិភ័យណាស់ កោះជេជូ! អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបញ្ជាក់ថា មួយសប្តាហ៍ចុងក្រោយនេះ កោះជេជូមានអត្រាអ្នកឆ្លងកូវីដច្រើនជាងគេទូទាំងប្រទេស

កូរ៉េខាងត្បូង៖ កោះជេជូ ជាទីតាំងដែលមានអត្រាអ្នកឆ្លងកូវីដប្រចាំថ្ងៃជាមធ្យមច្រើនជាងគេទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍កន្លងទៅនេះ បើតាមការបញ្ជាក់ឱ្យដឹងពីអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ប្រៀបធៀបទៅនឹងតំបន់ដទៃនានាទូទាំងប្រទេសកូរ៉េខាងត្បូង កោះជេជូត្រូវបានរកឃើញជាទីតាំងដែលមានអត្រាអ្នកឆ្លងធៀបទៅនឹងប្រជាជនក្នុងតំបន់ច្រើនជាងគេទូទាំងប្រទេសកូរ៉េខាងត្បូង។ តួលេខប្រៀបធៀបនេះ គឺគេយកចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃជាមធ្យមទាំងអស់ ក្នុងចំណោមតួលេខប្រជាជន១លាននាក់ នៃប្រជាជនសរុបក្នុងទីតាំងតំបន់នោះ។ តាមអត្រាកំណត់​នេះ គេរកឃើញថាតំបន់កោះជេជូ ដែលជាកន្លែងកំសាន្តដ៏ល្បីរបស់កូរ៉េនេះ មានអត្រាអ្នកឆ្លងចំនួន២០.៩នាក់ ក្នុងចំណោមប្រជាជន១លាននាក់ សម្រាប់រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។

តួលេខនេះបង្ហាញក្តីបារម្ភថា កោះជេជូមានអត្រាករណីឆ្លងច្រើនជាងគេធៀបទៅនឹងតំបន់ផ្សេងទៀត ដូចជាតំបន់ទីក្រុងដេហ្គូ ដែលមានអត្រាអ្នកឆ្លងកូវីដ ចំនួន១៩.២នាក់ ក្នុងចំណោមប្រជាជន១លាននាក់នៅក្នុងទីក្រុងទាំងមូល ខណៈទីក្រុងសេអ៊ូលមានអត្រាអត្រាអ្នកឆ្លងកូវីដ ចំនួន១៩.៧នាក់ ក្នុងចំណោមប្រជាជន១លាននាក់ រីឯខេត្តឃ្យ៉ុងគីដូវិញមានអត្រាអ្នកឆ្លងកូវីដ ត្រឹមចំនួន១២.៩នាក់ ក្នុងចំណោមប្រជាជន១លាននាក់ ហើយក្រុងអ៊ីនឆន់វិញមានត្រឹមតែ ៥.៧នាក់ ក្នុងចំណោមប្រជាជន១លាននាក់ប៉ុណ្ណោះ។ តួលេខប្រៀបធៀបនេះ គិតក្នុងរយៈពេលមួយសប្តាហ៍ពេញពីថ្ងៃទី ២ ដល់ថ្ងៃទី៨ មិថុនា ២០២១នេះ។

តួលេខកើនឡើងច្រើនជាងគេធៀបទៅនឹងប្រជាជនសរុបក្នុងតំបន់នេះ អាចបង្កឡើងដោយសារតែការហូរចូលនៃភ្ញៀវទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលការទៅលំហែកំសាន្តនៅបរទេសហាក់មិនអាចធ្វើទៅបាននោះ នាំឱ្យកោះជេជូក្លាយជាទីតាំងទេសចរណ៍ពេញនិយមជាងគេបង្អស់មួយសម្រាប់ទេសចរណ៍ក្នុងស្រុកកូរ៉េខាងត្បូង ដែលសុទ្ធតែចង់ដើរលេង លំហែកំសាន្ត ក្រោយពីរងការរិតត្បិត និងការជាប់គាំងដោយសារបញ្ហាកូវីដអស់ជាច្រើនខែកន្លងមកនោះ។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បើគិតពីតួលេខករណីឆ្លងជាក់ស្តែងក្នុងកោះជេជូ មានចន្លោះពី ៧ករណី ដល់២២ករណីប្រចាំថ្ងៃ ហើយក្នុងខែមិថុនានេះ កោះជេជូមានករណីឆ្លងកូវីដថ្មីដល់ទៅ ១១៦ករណីហើយ ខណៈតួលេខឆ្លងសរុបកន្លងមកកើនដល់ ៧៣៧ករណី។ ក្នុងចំណោមករណីឆ្លងថ្មីដល់ ១១៦ករណី ក្នុងមួយសប្តាហ៍ចុងក្រោយនេះ មានដល់ ១០៨ ករណីជាករណីឆ្លងតំបន់ផ្ទាល់ គឺអ្នកស្រុកកោះជេជូតែម្តងដែលរកឃើញករណីឆ្លងវិជ្ជមានកូវីដ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កោះជេជូអនុវត្តវិធានការគម្លាតសង្គមកម្រិត២ ដូចទៅនឹងក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *