ដើម្បីការពារកូវីដ-១៩ តាមរយៈការទៅកំសាន្តតាមឆ្នេរសមុទ្រ កូរ៉េគ្រោងតម្រូវឱ្យចុះឈ្មោះជាមុន ដើម្បីអាចទៅកំសាន្តនៅតំបន់សមុទ្របាន

សេអ៊ូល៖ ជាវិធានការបង្ការការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្រសួងដែនសមុទ្រកូរ៉េខាងត្បូង គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះឈ្មោះជាមុន សម្រាប់ការទៅលំហែកំសាន្តនៅតំបន់ឆ្នេរសមុទ្រ។

វិធានការនេះអាចនឹងក្លាយជាវិធានការថ្មី និងចុងក្រោយ​បង្អស់សម្រាប់គ្រប់គ្រងការឆ្លងនៃជម្ងឺកាចសាហាវនេះ។ បើតាមការលើកឡើងរបស់ក្រសួងដែនសមុទ្រ គម្រោងនេះអាចនឹងដាក់ឱ្យប្រើសាកល្បងនៅតាមឆ្នេរចំនួន ១៤ ក្នុងខេត្ត ចូឡាខាងត្បូង (South Jeolla Province) មុននឹងអាចពង្រីកទៅកម្រិតទូទាំងប្រទេស។ បើតាមការគ្រោងទុក ឆ្នេរទាំងនេះ នឹងបើកពីថ្ងៃទី ១០ កក្កដា ដល់ ៣០ សីហា ខាងមុខ។

តាមផែនការថ្មីនេះ តម្រូវឱ្យអ្នកដែលចង់ទៅលេងកំសាន្តឆ្នេរទាំង ១៤ ខាងលើ ធ្វើការចុះឈ្មោះជាមុនតាមប្រព័ន្ធអនឡាញ ជាមួយនឹងឈ្មោះ និងព័ត៌មានសម្រាប់ទំនាក់ទំនង។

ក្នុងនោះដែរ ក្រសួងក៏មានផែនការរៀបចំដាក់នូវដងបង្គោលអំពូលភ្លើងជាប្រព័ន្ធផ្តល់សញ្ញា ប្រសិនបើតំបន់ឆ្នេរនោះមានមនុស្សច្រើនកកកុញផងដែរ។

យ៉ាងណាមិញ តំបន់មួយចំនួនដទៃទៀត បានបន្ធូរបន្ថយ និងបានបើកទីកន្លែងកំសាន្តសាធារណៈមួយចំនួនរួចទៅហើយផងដែរ ដោយសារតែការប៉ះពាល់នៃជម្ងឺកូវីដ-១៩ មានកម្រិតខ្សោយនៅតំបន់ទាំងនោះ។

បើតាមការរាយការណ៍ចុងក្រោយ ថ្ងៃសុក្រនេះមានករណីឆ្លងថ្មី ៤៩ ករណី ដែលនាំឱ្យករណីឆ្លងសរុបកើនដល់ ១២,៣០៦ ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *