កូរ៉េខាងត្បូង៖ អាគារមួយនៅក្នុងខេត្តខ្វាងជូ កូរ៉េខាងត្បូងបានបាក់រលំភ្លាមៗ ខណៈពេលដែលគេកំពុងរៀបចំវាយអាគារនោះចោលនៅរសៀលថ្ងៃពុធនេះ ដែលករណីនេះនាំឱ្យមានអ្នកបាត់បង់ជីវិត ៤នាក់ និងអ្នករបួសធ្ងន់ដល់ទៅ ៨នាក់ បើតាមការរាយការណ៍របស់មន្ត្រីជំនាញពន្លត់អគ្គីភ័យ ចុះផ្សាយក្នុងសារព័ត៌មាន Naver News និង Yonhap News។
ករណីបាក់រលំអាគារភ្លាមៗនេះ ត្រូវបានគេរាយការណ៍មកសមត្ថកិច្ចនៅវេលាម៉ោង ៤:២២ រសៀល (ម៉ោងក្នុងស្រុកកូរ៉េ) ដោយអាគារមួយកន្លែងកម្ពស់ ៥ជាន់នៅទីតាំង 664 Hak-dong, Dong-gu ក្នុងខេត្តខ្វាងជូ បានរលំបាក់មកភ្លាម សង្កត់កប់លើឡានក្រុង១គ្រឿង និងរថយន្តកំពុងចតចោល២គ្រឿងនៅលើផ្លូវ។
ការបាក់រលំនេះកើតឡើងនៅពេលដែលគេកំពុងរុះរើអាគារ ប៉ុន្តែរំពេចនោះស្រាប់តែសសរគ្រឹះអាគារនោះក៏ចាប់ផ្តើមបាក់រលំ នាំឱ្យអាគារទាំងមូលបាក់ស្រុតមកតែម្តង។ សមត្ថកិច្ចពន្លត់អគ្គីភ័យបានជួយសង្គ្រោះមនុស្សពីក្នុងកន្លែងទីតាំងកើតហេតុចំនួន ៨ រូប និងបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ និងព្យាបាល តែជាអកុសលក្នុងព្រឹត្តិការណ៍នោះមានអ្នកបាត់បង់ជីវិត ៤នាក់ផងដែរ។ ភាគច្រើននៃអ្នកដែលរងគ្រោះក្នុងហេតុការណ៍នេះគឺមានទាំងបុរស និងស្រី វ័យក្នុងខ្ទង់៦០ឆ្នាំជាង ហើយទាំងអស់គ្នាគឺស្ថិតនៅក្នុងរថយន្តក្រុងនោះឯង។
តាមការបញ្ជាក់ពីសមត្ថកិច្ច គេជឿថានៅពេលកើតហេតុនោះ មានមនុស្សសរុប១២នាក់ស្ថិតនៅក្នុងឡានក្រុងដែលត្រូវអាគារបាក់រលំពីលើនោះ ហើយបច្ចុប្បន្ននេះ អ្នកសង្គ្រោះក៏កំពុងបន្តស្វែងរកកម្មករសំណង់ និងអ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀតដែលអាចនឹងរងគ្រោះជាប់ក្រោមគំនរអាគារនោះដែរ។ នៅខណៈម៉ោង ៧:៥០ យប់នៅកូរ៉េឥឡូវនេះ សមត្ថកិច្ចកំពុងរុះរើគំនរបាក់បែក ដើម្បីស្វែងរកមនុស្សម្នាក់ទៀតនៅក្នុងឡានក្រុងដែលត្រូវថ្មបាក់រលំនោះ។
បើតាមការរាយការណ៍ មុនពេលកើតហេតុនោះ មានកម្មករ៤នាក់នៅទីតាំងកើតហេតុ ហាក់ដឹងសញ្ញាមុនថាអាគារទំនងជានឹងបាក់ ក៏បានរត់ចេញមកខាងក្រៅអាគារមុន។ សូមបញ្ជាក់ថានៅពេលកើតហេតុគឺគេកំពុងធ្វើការវាយអាគារនោះចោលតាមលក្ខណៈបច្ចេកទេស តែយ៉ាងណាមិញ ពេលនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៃការបាក់រលំនេះនោះទេ។