កូរ៉េខាងត្បូង៖ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកង់អគ្គិសនី (e-scooter) នៅក្នុងទីក្រុងសេអ៊ូល កើនឡើងសឹងដល់ ៣ដង ក្នុងចន្លោពីឆ្នាំ២០១៨ និង២០២០ នេះបើតាមតួលេខផ្តល់ឱ្យអជ្ញាធរពន្លត់អគ្គិភ័យសេអ៊ូល ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ការិយាល័យពន្លត់អគ្គិភ័យ និងគ្រោះមហន្តរាយនៅសេអ៊ូល បាននិយាយថាគ្រោះថ្នាក់ចរាចរណ៍ចេញពីពពួកកង់អគ្គិសនី (e-scooter) នេះកើនពី៥៧ ករណីក្នុងឆ្នាំ២០១៨ ដល់ ១១៧ករណី ក្នុងឆ្នាំ២០១៩ និងកើនខ្លាំងឡើងដល់១៩២ករណី ក្នុងឆ្នាំ២០២០កន្លងទៅនេះ។ តួលេខកើនឡើងខ្លាំងនេះ គឺស្របគ្នាជាមួយនឹងការកើនឡើង និងពេញនិយមប្រើប្រាស់ប្រភេទពពួកកង់អគ្គិសនី (e-scooter) កាន់តែច្រើនផងដែរ។
ក្នុងចំណោមករណីចរាចរណ៍ពាក់ព័ន្ធនឹងពពួកកង់អគ្គិសនី (e-scooter) នេះ មានករណីភាគច្រើនគឺប៉ះគ្នារវាងឡាន និងកង់អគ្គិសនី (e-scooter) ដែលមានដល់ ១០៧ករណី ឬប្រមាណដល់ ២៩.២% នៃករណីសរុប។ ករណីប៉ះគ្នារវាងកង់អគ្គិសនី (e-scooter) និងអ្នកធ្វើដំណើរថ្មើរជើង ក៏មានដល់២៥ករណីផងដែរ រីឯករណីភ្លើងឆេះចេញពីកង់អគ្គិសនី (e-scooter) ក៏មានដល់៥៤ករណីផងដែរ ជាការកើនឡើងផងដែរ ពីត្រឹម ១០ករណីពីឆ្នាំ២០១៨ កើនដល់ ២៣ករណី ឆ្នាំ២០១៩ និងដល់ ២១ករណីក្នុងឆ្នាំ២០២០។ ក្នុងនោះ ២៩ករណីនៃករណីអគ្គីភ័យចេញពីកង់អគ្គិសនី (e-scooter) នេះ កើតឡើងខណៈពេលវាកំពុងសាកថ្មអគ្គិសនី ហើយ១២ករណីទៀត គឺពេលកង់អគ្គិសនី (e-scooter) ទុកចោលមិនប្រើប្រាស់។
ដើម្បីបង្ការករណីឆាបឆេះកង់អគ្គិសនី (e-scooter) នេះ អជ្ញាធរបញ្ជាក់ថា នៅពេលសាកថ្មពេញ គួរបិទភ្លើងវាចោល ហើយអជ្ញាធរក៏បានឱ្យជាអនុសាសន៍ថា អតិថិជនគួររកមើលទិញប្រភេទកង់អគ្គិសនី (e-scooter) ដែលមានប្រព័ន្ធ និងស្លាកសញ្ញាធានាសុវត្ថិភាព (KC safety certification mark)។ អជ្ញាធរក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់គួរសាកថ្មកង់អគ្គិសនី (e-scooter) នៅនឹងទីតាំងខាងក្រៅ ហើយមិនគួរសាកចោលនៅក្នុងផ្ទះ ឬនៅច្រកចេញចូលនោះទេជាពិសេសនៅពេលដែលម្ចាស់ចូលដេកបាត់ ឬចេញទៅក្រៅរយៈពេលយូរ។