ពីខែកក្កដាទៅ កូរ៉េខាងត្បូងនឹងបើកឱ្យអ្នកដែលចាក់វ៉ាក់សាំងកូវីដរួចរាល់ អាចធ្វើទេសចរណ៍ជាក្រុម ទៅប្រទេសណាដែលស្ថានការណ៍កូវីដធូរស្រាល

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសអនុញ្ញាតឱ្យក្រុមភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ អាចទៅដើរលេងទេសចរណ៍នៅប្រទេសដទៃណា ដែលមានស្ថានការណ៍កូវីដធូរស្រាលបានហើយ ចាប់ផ្តើមអនុវត្តពីដើមខែកក្កដាក្រោយនេះទៅ បើតាមការបញ្ជាក់របសនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានប្រកាសនៅក្នុងអំឡុងកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធបញ្ហាកូវីដនៅថ្ងៃពុធនេះថា ចាប់ពីខែកក្កដាខាងមុខទៅ កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យមានការធ្វើដំណើរទេសចរណ៍ជាក្រុម សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ទៅកាន់ប្រទេស ឬតំបន់ទេសចរណ៍នៅស្រុកក្រៅណាដែលមានស្ថានការណ៍កូវីដធូរស្រាល។

ការប្រកាសអនុញ្ញាតផ្តល់ភ្លើងខៀវដល់វិស័យទេសចរណ៍នេះ ដោយសារតែការកើនឡើងលឿននៃចំនួនប្រជាជនដែលបានទទួលវ៉ាក់សាំងកូវីដ ដែលគិតត្រឹមថ្ងៃពុធនេះ ចំនួនអ្នកបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស មានដល់ទៅ ១៦.៥% នៃប្រជាជនសរុបហើយ។

លោកនាយករដ្ឋមន្ត្រីក្នុងឱកាសនោះក៏បានសង្កត់ធ្ងន់បញ្ជាក់ថា កន្លងមកឧស្សាហកម្មទេសចរណ៍ និងការហោះហើរមានបញ្ហាជាប់គាំងខ្លាំងដោយសារបរិការណ៍កូវីដ ហើយមកដល់ពេលនេះដែរ ទំនោរប្រជាជនកូរ៉េដែលមានបំណងចង់ធ្វើដំណើរទៅស្រុកក្រៅធ្វើទេសចរណ៍ក៏មានកើនឡើងខ្លាំងគួរឱ្យត្រូវកត់សម្គាល់ផងដែរ ដែលកត្តានេះហើយជម្រុញឱ្យមានការដាក់ចេញនូវវិធានការអនុញ្ញាតនេះឡើង។

Leave a Reply

Your email address will not be published. Required fields are marked *