កូរ៉េខាងត្បូង៖ ក្រុមហ៊ុនបច្ចេកវិទ្យា IT យក្សធំៗនៅកូរ៉េខាងត្បូងជាបន្តបន្ទាប់ កំពុងត្រូវបានសាធារណជនកូរ៉េរិះគន់ខ្លាំងក្រោយពីមានពាក់ព័ន្ធនឹងរឿងអាស្រូវច្រើនពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រង និងបរិយាកាសការងារដែលមានសភាពតឹងតែង និងជិះជាន់ខ្លាំងមកលើបុគ្គលិករបស់ខ្លួន។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យានៅកូរ៉េខាងត្បូងដូចជាក្រុមហ៊ុន Naver, ក្រុមហ៊ុន Kakao and ក្រុមហ៊ុន Nexon ថ្មីៗនេះសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពាក់ព័ន្ធបរិយាកាសការងារដែលដាក់សម្ពាធខ្លាំងជ្រុល និងជិះជាន់លើបុគ្គលិករបស់ខ្លួន ក៏ដូចជាម៉ោងធ្វើការរបស់បុគ្គលិកផងដែរ។
ជាក់ស្តែង ថ្មីៗនេះមានករណីអ្នកផលិតកម្មវិធីកុំព្យូទ័រ (Programmer) របស់ក្រុមហ៊ុន Naver ម្នាក់បានសម្រេចបញ្ចប់ជីវិត និងបានទុកនូវលិខិតមួយបញ្ជាក់ពីការគាបសង្កត់នៅនឹងកន្លែងការងារ ជាមួយនឹងបន្ទុកការងារច្រើនលើបលប់ រួមនឹងម៉ោងការងារលើសសម្បើមនៅនឹងកន្លែងការងារ។ ករណីនេះនាំឱ្យមានការចោទឡើងចំពោះការដឹកនាំនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ និងលក្ខខណ្ឌការងារប្រកបដោយការគាបសង្កត់ខ្លាំងនេះ។
បើតាមការលើកឡើងរបស់ក្រុមសហជីពតំណាងបុគ្គលិកនៃក្រុមហ៊ុន Naver បានឱ្យដឹងថា អ្នកដែលបាត់បង់ជី .វិត ត្រូវបានបង្ខំឱ្យធ្វើការលើសម៉ោង ហើយមិនស្មើភាព ព្រមទាំងទទួលនូវការស្តីបន្ទោស បន្តុះបង្អាប់ម៉ាក់ងាយនៅនឹងកន្លែងការងារផងដែរ ដែលនាំឱ្យមានការប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់។ ក្រុមតំណាងសហជីពក៏បានបញ្ជាក់នៅនឹងបាតុកម្មមួយធ្វើនៅមុខក្រុមហ៊ុនតែម្តង ថាបុគ្គលិកដែលបានខូចនោះ បានលើកយកបញ្ហាការងារដែលគាត់ជួបប្រទះនេះទៅថ្នាក់លើជាច្រើនដង តែត្រូវអើពើដោយថ្នាក់លើរបស់ក្រុមហ៊ុន។
ចំណែកឯករណីមួយទៀតចេញពីក្រុមហ៊ុន Kakao វិញ គឺត្រូវបានគេចោទប្រកាន់ដល់ទៅ៦ករណីហើយ ពីបទបំពានលើបទដ្ឋានស្តង់ដារការងារ និងច្បាប់ប្រាក់បៀវត្សន៍អប្បបរមារបស់បុគ្គលិក។ ការស៊ើបអង្កេតធ្វើឡើងដោយភ្នាក់ងាររដ្ឋាភិបាលកូរ៉េ រកឃើញថាក្រុមហ៊ុន Kakao នេះ កន្លងមកធ្លាប់តម្រូវឱ្យបុគ្គលិក រួមទាំងអ្នកពរពោះផង ឱ្យធ្វើការលើសពីកំណត់៥២ម៉ោងក្នុងមួយសប្តាហ៍ ហើយក៏បានបញ្ជាឱ្យបុគ្គលិកខ្លះទៀត មិនកត់ត្រាម៉ោងធ្វើការលើសទៀតផង។
ចំណែកឯក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយទៀត គឺក្រុមហ៊ុន Nixon ក៏ត្រូវបានគេលើកឡើងថាកន្លងមកធ្លាប់ដាក់ឱ្យបុគ្គលិកជាង ២០០នាក់ឱ្យនៅក្នុងបញ្ជីរង់ចាំ ហើយក៏បានកាត់ប្រាក់ខែបុគ្គលិកទាំងអស់នោះ ដែលករណីនេះបាននាំឱ្យមានការតវ៉ាជាមួយថ្នាក់លើ និងបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា ក្នុងចំណោម ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅកូរ៉េខាងត្បូងនេះ គឺក្រុមហ៊ុន Naver ជាក្រុមហ៊ុនដំបូងគេដែលបានផ្តួចផ្តើមបង្កើតជាតំណាងក្រុមសហជីពឱ្យបុគ្គលិករបស់ខ្លួនកាលពីឆ្នាំ ២០១៨ ហើយក្រុមហ៊ុនធំៗដទៃទៀតក៏បានអនុវត្តតាមបង្កើតជាតំណាងសហជីពឱ្យបុគ្គលិករបស់ខ្លួនរៀងៗខ្លួនជាបន្តបន្ទាប់។ ប៉ុន្តែចាប់តាំងពីការបង្កើតមក គេឃើញមានការតវ៉ាជាបន្តបន្ទាប់ទាមទារឱ្យក្រុមហ៊ុនកែលម្អលក្ខខណ្ឌការងារ និងដោះស្រាយបញ្ហារបៀបដឹកនាំ ដែលមានភាពចាស់គំរិលនៅក្នុងក្រុមហ៊ុន។
បញ្ហារបៀបដឹកនាំដែលមានភាពចាស់គំរិលនៅក្នុងក្រុមហ៊ុនគឺអាចដោយសារ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅកូរ៉េខាងត្បូងនេះ ភាគច្រើនទើបនឹងមានអាយុកាលវ័យក្មេង ងើបឡើងលឿន ខ្លះអាយុកាលមិនទាន់ដល់១០ ឬ២០ ឆ្នាំស្រួលបួលផង ដែលខុសពីក្រុមហ៊ុនយក្សធំៗមានពីមុនមកដូចជាក្រុមហ៊ុន Samsung, Hyundai and SK ជាដើមនោះ ហេតុដូចនេះក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា IT នេះមិនទាន់មានសមត្ថភាពបង្កើតជាប្រព័ន្ធគ្រប់គ្រងបុគ្គលិករាប់ពាន់ រាប់ម៉ឺននាក់ឱ្យមានប្រសិទ្ធភាព និងត្រូវទៅស្តង់ដារប្រភេទក្រុមហ៊ុនធំៗនោះទេ។ ហើយក្នុងនោះដែរ ភាគច្រើន ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា IT នេះគឺមានប្រធានស្ថាបនិកក្រុមហ៊ុន នៅបន្តលូកដៃជ្រៅទៅក្នុងប្រតិបត្តិការក្រុមហ៊ុន ដែលភាគច្រើនវិធីសាស្រ្តដឹកនាំ នៅមានភាពចាស់គំរិល តាមរបៀបដឹកនាំក្រុមហ៊ុនខ្នាតតូច និងមធ្យម ដែលមិនអាចយកប្រើសាកសមនឹងក្រុមហ៊ុនខ្នាតធំដូចពេលបច្ចុប្បន្ននេះបាននៅឡើយ។