ចំនួនក្មេងៗនៅកូរ៉េខាងត្បូង មានអាការៈម្ញ៉ូបនិងខ្សោយភ្នែក កើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងមួយឆ្នាំចុងក្រោយ អាចដោយសារហេតុផលធំ 1 នេះ

កូរ៉េខាងត្បូង៖ ចំនួនកុមារតូចៗនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានជំងឺម្ញ៉ូបភ្នែក ត្រូវបានគេរាយការណ៍ថាកើនឡើងយ៉ាងគំហុក ជាពិសេសក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ ដែលគេសន្និដ្ឋានអាចជាប់ទាក់ទងទៅនឹងការងាកមករៀនសូត្រតាមប្រព័ន្ធអនឡាញក្នុងសម័យកាលកូវីដនេះឯង នេះបើតាមអត្ថបទចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

បើតាមលទ្ធផលនៃការធ្វើសម្រង់មតិមួយនៅនឹងមន្ទីរពេទ្យភ្នែកមួយបង្ហាញថា ៧៤.៩% នៃអ្នកជំងឺវ័យក្មេងអាយុក្រោម១៥ឆ្នាំ ដែលបានមកគ្លីនិកភ្នែកក្នុងចន្លោះពីខែមេសា ២០២០ ដល់ខែមីនា ឆ្នាំ២០២១ ជាអ្នកជំងឺម្ញ៉ូបភ្នែក។ តួលេខគឺកើនឡើងចំនួន ៦.៦% ប្រៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដល់ ២០២០។ គេសង្កេតឃើញតួលេខកើនឡើងនេះ គឺស្របគ្នាទៅនឹងពេលដែលប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមនិន្នាការបង្រៀនតាមប្រព័ន្ធអនឡាញដូចគ្នានេះដែរ។

គ្រូពេទ្យឯកទេសភ្នែកនៅមន្ទីរពេទ្យខាងលើសន្និដ្ឋានដូចគ្នានេះដែរ ដោយសារការកើនឡើងនេះដោយសារតែការប្រើប្រាស់សម្ភារៈអេឡិកត្រូនិក ដូចជាទូរស័ព្ទ កុំព្យូទ័រ និង Tablet កាន់តែច្រើនសម្រាប់កុមារ ជាពិសេសក្នុងពេលដែលពួកគេត្រូវរៀនអនឡាញជាច្រើនម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃនេះផងដែរ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង មានអត្រាអ្នកជំងឺម្ញ៉ូបភ្នែកនេះ សឹងតែខ្ពស់ជាងគេលើពិភពលោកទៅហើយ ដែលតាមទិន្នន័យរបស់ស្ថាប័ន Korean Ophthalmological Society មានដល់ទៅ ៨ ក្នុងចំណោមយុវជនជំទង់កូរ៉េខាងត្បូង ១០នាក់ហើយ ដែលមានអាការៈម្ញ៉ូបជិត ដែលមានន័យថាក្នុងចំណោមយុវជនជំទង់គឺពាក់វ៉ែនតា ច្រើនលើសលប់លើសអ្នកមិនពាក់វ៉ែនតា។ បើទោះជាគេឃើញនរណាម្នាក់មិនដែលពាក់វ៉ែនតានៅក្នុងប្រទេសកូរ៉េខាងត្បូង គឺអាចអ្នកនោះមានពាក់ Len ដាក់ក្នុងភ្នែក ឬធ្លាប់បានវះកាត់ភ្នែកម្ញ៉ុប ដែលសុទ្ធសឹងជួយអាការៈម្ញ៉ូបនេះដូចគ្នា។

បើតាមលោកគ្រូពេទ្យឯកទេស ការសំលឹងមើលវត្ថុអ្វីមួយនៅចម្ងាយជិត ក្នុងរយៈពេលយូរ ដូចជាការរៀនតាមប្រព័ន្ធអនឡាញនេះជាដើម សុទ្ធតែអាចបង្កជាជំងឺម្ញ៉ូបភ្នែក ដូចជាអាការៈ pseudomyopia និង អាការៈស្ងួតគ្រាប់ភ្នែក (dry eye syndrome)។ ករណីនេះគឺកាន់តែប្រឈមសម្រាប់កុមារតូចៗ ដែលមើលឧបករណ៍អេឡិកត្រូនិកច្រើន ស្របពេលដែលកំពុងស្ថិតក្នុងវ័យដែលសរីរាង្គភ្នែករបស់ពួកគេកំពុងបន្តលូតលាស់។

យ៉ាងណាមិញ លោកគ្រូពេទ្យឯកទេសបានបញ្ជាក់ថា ស្របពេលដែលនិន្នាការបង្រៀនអនឡាញ ក្នុងបរិការណ៍កូវីដនេះកំពុងតែបន្ត ហើយប្រហែលជាមិនទាន់ផុតក្នុងពេលដ៏ខ្លីខាងមុខនេះទេនោះ សិស្សទាំងអស់ដែលត្រូវរៀនតាមប្រព័ន្ធអនឡាញ គួរត្រូវយល់ដឹងច្បាស់អំពីវិធីការពារភ្នែករបស់ពួកគេ ដូចជាឱ្យភ្នែកស្ថិតនៅចម្ងាយ ៥០សង់ទីម៉ែត្រ ពីកញ្ចប់ស្រ្គីនកុំព្យូទ័រ ឬទូរស័ព្ទ ការសម្រាកភ្នែក ១០ នាទីដោយងាកទៅមើលអ្វីដែលនៅឆ្ងាយពីភ្នែក ផ្សេងពីស្រ្គីនជាដើម ក្រោយពីរៀនបាន ៤០ ឬ ៥០នាទី ដើម្បីឱ្យភ្នែកអាចមានពេលសម្រាកលំហែខ្លះ។

 

Leave a Reply

Your email address will not be published. Required fields are marked *