លោកទូត ឡុង ឌីម៉ង់ ជួបពិភាក្សាការងារជាមួយសារមន្ទីរពហុវប្បធម៌កូរ៉េ ហើយភាគីកូរ៉េស្នើសុំ 2 ចំនុចធំៗ ដើម្បីជួយបង្ហាញបន្ថែមពីវប្បធម៌ខ្មែរនៅកូរ៉េ

កូរ៉េខាងត្បូង៖ នារសៀលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ឡូង ឌីម៉ង់ រួមជាមួយសហការីស្ថានទូត តបតាមការអញ្ជើញរបស់លោកប្រធានសារមន្ទីរពហុវប្បធម៌កូរ៉េ Kim Yun Tae អញ្ជើញចូលជួបពិភាក្សាការងារ បង្កើនកិច្ចសហប្រតិការ និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយ ផលិតផលវប្បធម៌កម្ពុជា និងផលិតផលផ្សេងទៀត នេះបើតាមការចែករំលែកក្នុងទំព័រស្ថានទូត។

ក្នុងឱកាសនៃកិច្ចជំនួបពិភាក្សានោះ ភាគីកូរ៉េ បាននាំលោក​​ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជា ទស្សនកិច្ច និងពិនិត្យមើលវត្ថុសិល្បៈវប្បធម៌ដែលមានតាំងបង្ហាញក្នុងសារមន្ទីរ ដែលក្នុងនោះមានទាំងការតាំងបង្ហាញប្រាក់រៀលខ្មែរយើង តំណាងឱ្យប្រទេសកម្ពុជាផងដែរ ក្នុងចំណោមប្រាក់របស់ប្រទេសដទៃទៀតជាច្រើន។

ភាគីសារមន្ទីរពហុវប្បធម៌កូរ៉េ ក៏បានធ្វើការស្នើសុំកិច្ចសហប្រតិបត្តិការពីភាគីស្ថានទូតកម្ពុជារួមមាន លើចំណុច២ធំរួមមាន៖ (១) ការបង្កើតទីតាំង ឬ សាលពិព័រណ៍កម្ពុជានៅក្នុងសារមន្ទីរនៅពេលខាងមុខ និង(២) ការស្នើសុំផលិផលវប្បធម៌ ដូចជាសំលៀកបំពាក់បែបប្រពៃណីខ្មែរ និងផលិតផលផ្សេងទៀត ដែលជាសញ្ញាណជាតិរបស់កម្ពុជាសម្រាប់ដាក់តាំងបង្ហាញជាអចិន្រ្តៃយ៍នៅសារមន្ទីរកូរ៉េ នៅទីក្រុងសេអ៊ូលនៅពេលខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *