អភិបាលក្រុងដេហ្គូ ចេញមុខសុំទោសជាសាធារណៈ ក្រោយរងការរិះគន់ចាស់ដៃ ករណីបញ្ជូនសំណើទិញវ៉ាក់សាំង Pfizer ‘ក្លែងក្លាយ’ ទៅរដ្ឋាភិបាល

កូរ៉េខាងត្បូង៖ អភិបាលក្រុងដេហ្គូបានប្រកាសសុំទោសជាសាធារណៈ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ ជុំវិញករណីដែលអភិបាលក្រុងនេះបានស្នើទៅកាន់រដ្ឋាភិបាលកូរ៉េ ឱ្យទិញវ៉ាក់សាំងកូវីដ-១៩ របស់ Pfizer ដល់៣០លានដូស ពីក្រុមហ៊ុននាំចូលមួយ ដែលក្រោយមកត្រូវក្រសួងជំនាញច្រានចោល ថាសំណើរនេះគ្រាន់ជាករណីបោកប្រាស់ប៉ុណ្ណោះ។

ចុះងផ្សាយក្នុងសារព័ត៌មាន Yonhap News ជាភាសាអង់គ្លេស នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលក្រុងដេហ្គូ លោក ខ្វុន យ៉ុងជីន (Kwon Young-jin) បានសុំអភ័យទោសដល់ប្រជាជនក្រុងដេហ្គូ និងសាធារណជនទូទាំងប្រទេស ដែលលោកបានលើកជាសំណើមិនសមគួរ និងជាការបោកបន្លំនេះទៅដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ហើយជាមួយនឹងការសុំអភ័យទោសជាសាធារណៈនេះ លោកអភិបាលក្រុងក៏បានស្នើសុំការយោគយល់ថា កំហុសនេះកើតឡើងក៏ដោយសារតែលោកអភិបាលក្រុងមានគោលបំណងល្អ និងចង់ជួយក្នុងបញ្ហាកង្វះខាតវ៉ាក់សាំងប៉ុណ្ណោះ។

សូមបញ្ជាក់ថា បញ្ហានេះគឺកើតឡើងកាលពីថ្ងៃទី ៣១ ខែមិថុនា នៅពេលដែលលោកអភិបាលក្រុងដេហ្គូបានបញ្ជាក់ប្រាប់ទៅអ្នកសារព័ត៌មានថា មានក្រុមហ៊ុននាំចូលបរទេសមួយដែលទាក់ទងជាមួយនឹងវិទ្យាស្ថានសមាគមវេជ្ជសាស្រ្តនៅដេហ្គូ បានធានាថានឹងអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ របស់ Pfizer ដល់ទៅ៣០លានដូស បើមានការបញ្ជាទិញពីរដ្ឋាភិបាលក្រុងសេអ៊ូល ដែលការនាំចូលនេះត្រូវការពេលតែ ៣សប្តាហ៍ប៉ុណ្ណោះ។

ក្នុងន័យនៃការលើកឡើង​បែបនេះ លោកអភិបាលក្រុងដេហ្គូ ក៏បានបញ្ជូនសំណើដ៏ល្អនេះបន្តទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីពិនិត្យ ខណៈដែលកំពុងមានបញ្ហាកង្វះខាតវ៉ាក់សាំង ប៉ុន្តែត្រូវបានក្រសួងសុខាភិបាលកូរ៉េខាងត្បូង ប្រកាសប៉ុន្មានថ្ងៃបន្ទាប់មកថា សំណើបញ្ជាទិញវ៉ាក់សាំងរបស់សាលាក្រុងដេហ្គូដែលបានលើកឡើងនេះ មិនគួរឱ្យទុកចិត្តបាននោះទេ ខណៈដែលក្រុមហ៊ុន Pfizer ប្រចាំនៅកូរ៉េខាងត្បូង ក៏បានចោទជាចម្ងល់អំពីសំណើរមួយនេះ ដោយបញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួនមិនមានដឹកជូន និងលក់ដូរតាមជនទី៣នោះទេ។

ការចេញមុខបដិសេធនូវសំណើរពីសំណាក់រដ្ឋាភិបាលនេះ បានបណ្តាលឱ្យមានមតិរិះគន់ខ្លាំងក្នុងចំណោមសាធារណជនមកលើលោកអភិបាលក្រុងដេហ្គូ ជាបន្តបន្ទាប់ ហើយមានការចោទប្រកាន់បន្តបន្ទាប់ថាជាករណីប៉ុនប៉ងបោកប្រាស់ និងចង់នាំចូលវ៉ាក់សាំងកូវីដក្លែងក្លាយមកឱ្យប្រជាជនកូរ៉េខាងត្បូងទៀតផង។

ដូចនេះ លោកអភិបាលក្រុងដេហ្គូ បានថ្លែងនូវការសុំទោសជាសាធារណៈ និងបានលើកឡើងថារូបភាពនៃទីក្រុងដេហ្គូទាំងមូលត្រូវអាប់អោនដោយសារការលើកឡើងរបស់លោក ហើយលោកអភិបាលក្រុងសូមទទួលកំហុស និងចេញមុខទទួលខុសត្រូវទាំងស្រុងលើបញ្ហាចម្រូងចម្រាស់នេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *