សហជីពកម្មករដងសន្ទូចនៅតាមការដ្ឋាន នាំគ្នាចេញមកធ្វើកូដកម្ម ទូទាំងប្រទេសកូរ៉េ ទាមទាររដ្ឋាភិបាលកូរ៉េខាងត្បូងឱ្យពិនិត្យមើលបញ្ហា 2 ធំៗនេះ

កូរ៉េខាងត្បូង៖ សហជីពកម្មករផ្នែកដងសន្ទូចការដ្ឋាននៅកូរ៉េខាងត្បូង បាននាំគ្នាធ្វើកូដ កម្ម មួយទូទាំងប្រទេសនៅថ្ងៃអង្គារនេះ តវ៉ាអំពីបញ្ហាសុវត្ថិភាពពាក់ព័ន្ធការប្រើប្រាស់ដងសន្ទូចធំៗនៅនឹងការដ្ឋាន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

សហជីពកម្មករផ្នែកដងសន្ទូចការដ្ឋានដែលធ្វើកូដកម្មការងារនេះ ឈ្មោះថា Korean Construction Workers’ Union (KCWU) ដែលក្នុងការធ្វើកូដកម្មនេះបានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងថាមិនបានដាក់ចេញនូវវិធានការចាំបាច់នានាឱ្យគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពប្រជាជន និងកម្មករសំណង់ បើទោះបីជាថ្មីៗកន្លងទៅចុងក្រោយនេះ មានករណី គ្រោះ ថ្នាក់ការងារជាបន្តបន្ទាប់នៅនឹងការដ្ឋានសំណង់ ពាក់ព័ន្ធនឹងដងសន្ទូចនេះក៏ដោយ។

នៅក្នុងឱកាសសន្នីសីទកាសែននៅនឹងមុខទីតាំងវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូល អ្នកធ្វើកូដកម្ម ស្នើឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ចដាក់ចេញវិធានការចាំបាច់ដើម្បីអាចការពារ និងគាំពារដល់សុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ប្រជាជន និងកម្មករសំណង់ទៅថ្ងៃខាងមុខ។

សូមបញ្ជាក់ថានៅទូទាំងប្រទេសមានដងសន្ទូចប្រភេទនៅតាមការដ្ឋានសំណង់នេះ ដល់ទៅជាង ៣០០០ ទៅ៤០០០គ្រឿង ហើយតាមរយៈការធ្វើកូដកម្មទូទាំងប្រទេសនេះ គេរំពឹងថាការដ្ឋានសំណង់ប្រមាណដល់ ៩០% អាចនឹងមានការប៉ះពាល់ដល់ដំណើរការសាងសង់នៅព្រឺកនេះ។

ក្រុមសហជីពក៏បានលើកឡើងថាខ្លួនកន្លងមកបានចរចារជាច្រើនលើកជាមួយក្រុមហ៊ុនឯកជននានាដែលពាក់ព័ន្ធ ជុំវិញបញ្ហាសុវត្ថិភាព និងការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ ប៉ុន្តែមិនអាចទទួលបានការឯកភាពព្រមព្រៀងគ្នានោះទេ។

ក្រុមអ្នកធ្វើកូដកម្មក៏បានលើកឡើងផងដែរក្រសួងជំនាញ គឺក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េមិនមានវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពលើការគ្រប់គ្រងដងសន្ទូចនេះសោះកន្លងមក។ ជាក់ស្តែង ក្រសួងបានដកការអនុញ្ញាតការប្រើប្រាស់លើដងសន្ទូចការដ្ឋានមាន ៩ ប្រភេទ ទាំងអស់ ២៤៩ គ្រឿង និងមិនផ្តល់លិខិតអនុញ្ញាតប្រើប្រាស់សម្រាប់ដងសន្ទូច ៣ប្រភេទទៀតមាន ១២០គ្រឿងទៀត ដោយសាររកឃើញថាមិនគ្រប់គ្រាន់ទៅនឹងលក្ខខណ្ឌស្តង់ដារសុវត្ថិភាពជាដើមនោះ តែដងសន្ទូចទាំងនោះនៅតែមានបន្តប្រើប្រាស់ល្មើសនឹងបម្រាមរបស់ក្រសួងដដែល។

ចាប់តាំងពីថ្ងៃទី ២៤ខែមេសា ២០២១នេះមក ត្រឹមតែ២ខែជាងប៉ុណ្ណោះ មានករណីគ្រោះថ្នាក់ពាក់ព័ន្ធនឹងដងសន្ទូចនេះដល់ទៅ ៨ករណី ទូទាំងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះ មាន៣ករណីជាប្រភេទដងសន្ទូចដែលត្រូ​វបានក្រសួងជំនាញមិនផ្តល់អជ្ញាប័ណ្ណប្រើប្រាស់ហើយ តែនៅតែអាចប្រើប្រាស់រហូតដល់មានគ្រោះ ថ្នាក់ ខណៈ២ករណីទៀត គឺជាដងសន្ទូចដែលត្រូវបានក្រសួងជំនាញដកអជ្ញាប័ណ្ណ តែនៅតែបន្តប្រើដដែល។

 

 

Leave a Reply

Your email address will not be published. Required fields are marked *