ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស (Visa K) អាចចូលកម្ពុជាបាន ដោយមិនចាំបាច់មានការធានារ៉ាប់រងសុខភាព និងតម្កល់ 3000$ ទៀតទេ

សេអ៊ូល៖ លិខិតថ្ងៃទី ១៨ មិថុនា ២០២០ របស់ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសកូរ៉េខាងត្បូង បានជូនដំណឹងអំពីវិធានការកែសម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេស ទិដ្ឋាការពិសេស (Visa K) និងមន្ត្រីការទូត និងអង្គការអន្តរជាតិ ទិដ្ឋាការប្រភេទ A និង B ដែលត្រូវចូលមកប្រទេសកម្ពុជា ដូចមានខ្លឹមសារខាងក្រោម៖

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ អំពីខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ លេខ ១២២ សខល ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្តីពីវិធានការកែសម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្រ្តីការទូត និងមន្រ្តីអង្គការអន្តរជាតិដែល មាន ទិដ្ឋាការប្រភេទ A និង B ដូចខាងក្រោម៖

១. លើកលែងការតម្រូវឲ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ប្រាក់ចំនួន ៣០០០ ដុល្លារអាមេរិក សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K) ចូលមកកម្ពុជា ប៉ុន្តែតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate for Covid-19 Free) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមី ដែលបញ្ជាក់ថាគ្មានវីរុសកូវីដ១៩ និងមានសុពលភាព ៧២ ម៉ោង ចាប់ពីពេលចេញដំណើរពីប្រទេសតាំងនៅ។

២. ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ដែលមានអ្នកការទូត និងមន្រ្តីអង្គការអន្តរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ១៩ របស់អ្នកការទូត និងមន្រ្តីអង្គការអន្តរជាតិទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័ក ក្នុងរយៈពេល១៤ ថ្ងៃ ដោយខ្លួនឯង។

៣. រាល់វិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្តីប្រកាសលេខ១០១ សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ថិតនៅជាធរមានដដែល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងសូមចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយបន្តឲ្យមានប្រសិទ្ធភាព។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *