សេអ៊ូល៖ ក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយទៅនឹងបញ្ហាក្តៅគគុកជាមួយកូរ៉េខាងជើង ប្រធានាធិបតី មូន ជេអ៊ីន បានកោះហៅជំនួបជាមួយបណ្តាអតីតរដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េ ដែលជាក្រសួងមានភារកិច្ចដោះស្រាយ និងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ។
ក្នុងកិច្ចប្រជុំដ៏សំខាន់នោះ អតីតរដ្ឋមន្ត្រីសំខាន់ៗកន្លងមក ដែលមានបទពិសោធន៍ច្រើនក្រាស់ក្រែលក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង បានជួបពិភាក្សា និងផ្តល់យោបល់ដល់ប្រធានាធិបតី ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈ និងសម្រេចបានជាលទ្ធផលអ្វីខ្លះនោះទេ។
កិច្ចប្រជុំនេះ គឺស្របពេលទៅនឹងកម្តៅនៃទំនាក់ទំនងអន្តរកូរ៉េកាន់តែភាពស្រួចស្រាល និងក្តៅឡើងៗនាពេលថ្មីៗ ប៉ុន្មានថ្ងៃកន្លងមកនេះ ជាពិសេសគឺការបាញ់កម្ទេចអាគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងការគម្រាមម្តងហើយ ម្តងទៀត ថានឹងបញ្ជូនចល័តកងទ័ពកូរ៉េខាងជើង ចូលមកកាន់តំបន់ព្រំដែនដែលគ្មានកងទ័ព។
យ៉ាងណាមិញ មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង ក៏បានចេញមុខមកព្រមានកូរ៉េខាងជើងចំៗផងដែរថា កូរ៉េខាងត្បូងនឹងឆ្លើយតបភ្លាមៗ ប្រសិនបើកូរ៉េខាងជើងប្រើប្រាស់យោធាដើម្បីប្រឆាំងនឹងខ្លួន។