មិនអាចដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងបាន រដ្ឋមន្ត្រីក្រសួងរួបរួបជាតិកូរ៉េ របស់កូរ៉េខាងត្បូង ស្នើសុំលាលែងពីតំណែងភ្លាមៗ

សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េ លោក Kim Yeon-chul កាលពីល្ងាចថ្ងៃទី ១៧ មិថុនា ២០២០ បានស្នើសុំលាលែងពីតំណែង ក្រោយពីស្ថានការណ៍ទំនាក់ទំនងកូរ៉េទាំងពីរកាន់តែធ្លាក់ដុនដាបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ក្នុងស​ន្និសីទសារព័ត៌មាន លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា «ខ្ញុំសោកស្តាយណាស់ដែលមិនអាចបំពេញភារកិច្ច និងកី្តរំពឹងរបស់ប្រជាជនកូរ៉េ ក្នុងការស្វែងរកសន្តិភាព និងវិបុលភាពក្នុងឧបទ្វីបកូរ៉េ»។

សំណើរលាលែងនេះបានដាក់ជូនដល់វិមានប្រធានាធិបតីទៅហើយ ប៉ុន្តែមិនទាន់ការសម្រេចយ៉ាងណាពីសំណាក់លោកប្រធានាធិបតីមូននោះទេ។

ស្ថានការណ៍ដ៏ដុនដាបនៃឧបទ្វីបកូរ៉េ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់កូរ៉េខាងជើង អំពីការបង្ហោះសារប្រឆាំងផ្សេងៗចូលក្នុងទឹកដីកូរ៉េខាងជើង ដែលក្នុងប៉ុន្មានថ្ងៃនេះ មានការវិវត្តគួរឱ្យព្រួយបារម្ភបំផុត ក្រោយពីមានការគម្រាមកំហែងពីការប្រើប្រាស់យោធា និងការកាត់ផ្តាច់ទំនាក់ទំនងនានាទាំងអស់ពីសំណាក់កូរ៉េខាងជើង។ ក្នុងនោះដែរ កូរ៉េខាងជើងក៏បានបាញ់កម្ទេចអាគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីថ្ងៃទី ១៦ មិថុនា ម្សិលមិញផងដែរ។

សូមបញ្ចាក់ថា លោករដ្ឋមន្ត្រី Kim Yeon-chul អតីតជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវរបស់រដ្ឋាភិបាលលើបញ្ហាកូរ៉េខាងជើង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ។

Leave a Reply

Your email address will not be published. Required fields are marked *