ឯកអគ្គរាជទូតកម្ពុជា ជម្រុញឱ្យសហព័ន្ធកសិកម្មជាតិកូរ៉េ ចែករំលែកបទពិសោធន៍ និងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យកសិកម្ម

សេអ៊ូល៖ កាលពីថ្ងៃទី ១៦ មិថុនា ២០២០ លោក ឡុង​ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូង បានទទួលជួបជាមួយលោក Lee Seong-hee អគ្គនាយកថ្មីរបស់ សហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup)។

ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់បានស្នើសុំឱ្យភាគីសហព័ន្ធកសិកម្មជាតិកូរ៉េ NH ពិនិត្យផ្តល់នូវការបណ្ដុះបណ្ដាល ទាំងរយៈពេលខ្លី និងវែងនូវជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍ នៃប្រព័ន្ធសហករណ៍ជាតិ ជាមួយកម្ពុជា។

ភាគី NH ក៏បានឯកភាពថានឹងរួមគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលបានផ្លែផ្កា ដោយយកវិស័យកសិកម្មជាស្ពាន។

ក្នុងនោះដែរ NH ក៏នឹងពិចារណាក្នុងការចាប់ផ្ដើមគម្រោងសាកល្បង ដើម្បីអភិវឌ្ឍវិស័យកសិកម្មក្នុងសហគមន៍មួយនៅប្រទេសកម្ពុជាយើងនាខេត្តណាមួយ ជាគម្រោង Pilot Project។

សូមបញ្ជាក់ថា សហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup) បានចាប់ផ្ដើមកសាងកាលពីឆ្នាំ 1961 ជាប់ចំណាត់ថ្នាក់លេខ 2 ទូទាំងពិភពលោកផ្នែកការអភិវឌ្ឍវិស័យកសិកម្ម ដែលមានតួនាទីផ្ដល់នូវគោលនយោបាយដាំដុះ ផ្គត់ផ្គង់ហិរញ្ញវត្ថុ និងទីផ្សារកសិផល។

Leave a Reply

Your email address will not be published. Required fields are marked *